១.សាសារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្តិ 

        តើអ្វីទៅជាសាលារៀនជំនាន់ថ្មី (NGS)? សាលារៀន​ជំនាន់​ថ្មី​ គឺជា​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជា​មាគ៌ា​អភិវឌ្ឍថ្មី​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នា​ពេល​បច្ចុប្បន្ន​ដែល​ជួយ​បង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត​។

គោលនយោបាយនេះបានរៀបចំឡើង ដើម្បីផ្តល់ការណែនាំដល់មន្ត្រីគ្រប់គ្រងរដ្ឋបាលអប់រំ និងគ្រូបង្រៀនគ្រប់កម្រិតទាំងអស់ស្តីពីការអនុវត្តសាលារៀនជំនាន់ថ្មីទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតសាលារៀនជំនាន់ថ្មីគឺជាគោលនយោបាយផ្លូវការមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា អនុលោមតាមក្របខ័ណ្ឌកំណែទម្រង់វិស័យអប់រំ ដែលបានប្រកាសឱ្យប្រើដោយក្រសួងក្នុងឆ្នាំ ២០១៣ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់វិស័យអប់រំ “សាលារៀនជំនាន់ថ្មី ស្ថិតនៅក្នុងចំណុចទី១៤”។

គោលនយោបាយនេះត្រូវបានរៀបចំឡើងស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីការអប់រំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

គោលបំណង​របស់សាលារៀនជំនាន់ថ្មី គឺ​ការ​បង្កើត​សាលារៀនសាធារណៈស្វយ័ត(សាលារដ្ឋ)​ដែល​រក្សា​បាន​​ស្តង់ដាវិជ្ជាជីវៈសម្រាប់ការសិក្សាក្នុងសតវត្សរ៍ទី២១ បាន​ខ្ពង់ខ្ពស់​បំផុត​តាមរយៈ​ការ​វិនិយោគ​ថវិកា​ច្រើន​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​តម្លាភាព និង​ទទួល​ខុសត្រូវ​ដោយ​ការ​ផ្លាស់ប្តូរ​វិធី​គ្រប់គ្រង​សាលា​។

សាលារៀនជំនាន់ថ្មីបានអនុវត្តន៍គោលវិធីសិក្សាថ្មីពេញលេញដំបូងគេនៅសាលារដ្ឋគឺ STEM-Ed ដែលទាក់ទាញសិស្សពូកែៗចូលរៀន និងប្រែក្លាយសិស្សដែលមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យមកចាប់អារម្មណ៏ និងរៀនពូកែផងដែរ។ ក្រៅពីការរៀនក្នុងថ្នាក់ សិស្សទាំងអស់មានការស្រាវជ្រាវជាច្រើនដែលបាន​បង្ហាញពី

សមត្ថភាពខ្ពស់ក្នុង​ការប្រកួតប្រជែង និងសហការជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិ។ បច្ចុប្បន្នសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិកំពុងធ្វើការអភិវឌ្ឍរបស់ខ្លួនក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិមួយចំនួននៅ ប្រទេសថៃ កូរ៉េ ចិន ជប៉ុន សហរដ្ឋអាមេរិច អូស្ត្រាលី ជាដើម។

 

២. ចក្ខុវិស័យ

          ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិមាន ចក្ខុវិស័យ “ប្រែក្លាយសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាល័យមានឧត្តមភាពឈានមុខគេ របស់កម្ពុជាលើការបង្រៀន​ និងរៀន(ទាំងឥរិយាបថ ចំណេះដឹង និងជំនាញ) ការស្រាវជ្រាវនៅមធ្យមសិក្សា និងការផ្តល់សេវាសហគមន៍”។

 

៣.គុណតម្លៃ

គុណភាព ចំណេះដឹង ជំនាញទន់ សីលធម៌ អត្តចរិត និងភាពថ្លៃថ្នូរ។

 

៤.បេសកកម្ម

          ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិបានកំណត់បេសកកម្មរបស់ខ្លួនចំនួន ០៧ចំណុច៖

          ១.អភិវឌ្ឍន៍សមត្ថភាពរបស់សិស្សតាមរយៈការអប់រំគ្រប់មធ្យោបាយ(ក្នុងថ្នាក់ ក្រៅថ្នាក់) និងផ្តល់ឱ្យសិស្សនូវជំនាញសហគ្រិនភាព ជំនាញច្នៃប្រឌិត ត្រិះរិះពិចារណា យល់ដឹងអំពីអន្តរវប្បធម៌ និងជំនាញរុករកការបង្កើតថ្មីតាមបែបស្ថាបនានិយម។

          ២.ជាគ្រឹះស្ថាននៃការស្រាវជ្រាវលើវិស័យអប់រំកម្រិតខ្ពស់​ និងបច្ចេកវិទ្យា សារទូរគមនាគមន៍(ICT) សម្រាប់ធម្យមសិក្សា។

          ៣.ជាគ្រឹះស្ថានឈានមុខសម្រាប់ការអនុវត្តកម្មវិធីសិក្សា STEM-Ed។

          ៤.បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍគ្រប់កម្មវិធីសិក្សាថ្នាក់ជាតិ។

          ៥.ជាគ្រឹះសា្ថនឈានមុខក្នុងការស្រាវជ្រាវ ពិគ្រោះយោបល់ និងការផ្តល់សេវាដល់សហគមន៍ឱ្យល្អប្រសើរ

          ៦.ជាមជ្ឈមណ្ឌលនៃអភិបាលកិច្ចល្អលើសេវារដ្ឋបាលសាលារៀន និងការគ្រប់គ្រងហិរញ្ញវត្ថុដែលមានតម្លាភាព គណនេយ្យភាព និងមានការចូលរួមពីបុគ្គលិក  សិស្ស និងអ្នកពាក់ព័ន្ធ។

          ៧.ជាមជ្ឈមណ្ឌលប្រឹក្សាអាជីពសម្រាប់តម្រង់ទិសវិជ្ជាជីវៈរបស់សិស្សទៅអនាគត។

 

៥.សកម្មភាព STEM-Ed នាពេលបច្ចុប្បន្ន

          សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ(NGS) កំពុងអនុវត្តន៍កម្មវិធីសិក្សាថ្មី ឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្សក្នុងសតវត្សរ៍ទី២១ ដែលការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវជ្រាវ រកប្រភពធនធានពីខាងក្រៅសៀវភៅសិក្សាគោល។ សិស្សអាចស្វែងយល់ពីការងារចម្បងៗក្រៅពីស្តាប់គ្រូក្នុងថ្នាក់  ដូចជា ចេះប្រើប្រាស់បច្ចេកវិទ្យា(ICT) បម្រើឱ្យការស្រាវជ្រាវ  និងការអនុវត្ត។  ក្រៅពីសិក្សាជាមួយគ្រូសិស្សក៏បានបង្កើតក្លិបសិក្សាជាច្រើនដូចជា  ក្លិបវិទ្យាសាស្ត្រ  ក្លិបគណិតវិទ្យា  ក្លិបវីដេអូ  ក្លិបព្រឹត្តិបត្រព័ត៌មាន  ក្លិបRobot  ក្លិបកូដ​ ក្លិបអ្នកនិពន្ធ  ក្លិបសិល្បៈ...។

 

៦.ការអភិវឌ្ឍផ្នែក STEM-Ed នាពេលអនាគត

          សាលារៀនជំនាន់ថ្មី(NGS)មានគម្រាងផែនការ អភិវឌ្ឍផ្នែក STEM-Ed ជាច្រើនដូចជា៖

          ១.ជំរុញការស្រាវជ្រាវរបស់គ្រូ និងសិស្សលើមុខវិជ្ជា STEM-Ed ឱ្យកាន់តែទូលំទូលាយ ។

          ២.បង្កើតក្លិបស្រាវជ្រាវ និងការច្នៃបង្កើតថ្មីរបស់សិស្ស

          ៣.កំណែទម្រង់កម្មវិធីសិក្សាផ្នែកSTEM-Ed ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយឧស្សាហកម្មរបស់ប្រទេសកម្ពុជាឆ្នាំ២០១៥-២០២៥។

          ៤.បង្កើតវប្បធម៌ស្រាជ្រាវ និងការបោះពុម្ពផ្សាយផ្នែក STEM-Ed ដែលជាស្នាដៃសិស្សវិទ្យាល័យ។

          ៥.ធ្វើទំនើបកម្មទីពិសោធន៍ និងបង្កើតទីពិសោធន៍ថ្មីៗ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសតវត្សរ៍ទី២១។

 

ទាញយកឯកសារ ៖ គោលនយោបាយសាលារៀនជំនាន់ថ្មិ



khmer


Page generated in 0.0075 seconds, with 3 database query and 6 memcache.